
កាលពីព្រេងនាយ មានបុរសប្តីប្រពន្ធ
នាំគ្នាទៅសួរបងប្អូននៅភូមិត្រៃសណ្តែក ដើរៗទៅប្រទះនឹងអាតម្លង់ ៧
សន្តាន កំពុងតែទឹមគោភ្ជួរស្រែ ។ បុរសប្តីប្រពន្ធនោះ សួរថា
«អ្នកអើយអ្នក! ផ្លូវណាកាត់ត្រង់ទៅលើភូមិព្រៃសណ្តែក
ត្បិតខ្ញុំខានមកយូរឆ្នាំហើយ មិនដឹងជាផ្លូវណាកាត់ទៅឲ្យត្រង់ ?»។
<<កូនក្រោលបង្គោលស្នឹង អាក្រហមមួយនេះ ម្តាយក្មេកគាត់ចែក
ឯអាស្នែងកន្ទែកឪអញគាត់ឲ្យ អញមិនលួចគោរបស់អាណាមកទឹមទេ» ។
ឯបុរសប្តីប្រពន្ធដែលសួរផ្លូវនោះ ឮហើយនិយាយគ្នាថា «អ្នកនេះ
យើងសួរផ្លូវគាត់ៗនិយាយពីគោ ហើយស្តីគំរោះគំរើយឲ្យយើងផង ណ្ហើយគេហ៍!
យើងកុំខ្ចីសួរវា យូរឆាប់គង់តែនឹងទៅដល់ផ្ទះបងប្អូនមិនខាន»
ហើយក៏បណ្តើរគ្នាហួសទៅ ។ ឯអាតម្លង់៧សន្តាននោះ ក៏ខំភ្ជួរស្រែមិនឈប់
ដល់ពេលថ្ងៃជិតត្រង់ មេតម្លង់ជាប្រពន្ធក៏ទូលបាយទៅឲ្យប្តីបរិភោគ
លុះទៅដល់ក៏ដាក់ល្អីបាយក្រោមម្លប់ឈើ នៅភ្លឺស្រែ ។
ប្តីឃើញប្រពន្ធយកបាយមកឲ្យ ក៏ឈប់ភ្ជួរស្រែ បរិភោគបាយ
និយាយទាំងខឹងប្រាប់ប្រពន្ធថា ៖
«មានបុរសប្តីប្រពន្ធបណ្តើរគ្នាមកពីណាចោទប្រកាន់ថា អញលួចគោវា ឯគោ ១
នឹមនេះ ប្រាកដជាម៉ែឪឯងចែកមក» ។ ប្រពន្ធឃើញមាត់ប្តីនិយាយម្ហបៗ
នឹកស្មានថាស្តីឲ្យខ្លួន ស្រាប់តែខឹង ហើយឆ្លើយតបទៅវិញថា
«អញគិតថាប្តីមកភ្ជួរស្រែទាល់ថ្ងៃត្រង់
ខំប្រញាប់ប្រញាល់ទូលបាយមកឲ្យស៊ី ឥឡូវទៅជាថា ឯងមានសហាយ
អញសហាយនឹងឈ្មោះអាណា គាត់រកមុខឲ្យឃើញ» ។
ឯប្តីមិនទាល់តែពមបាយអស់មួយកូនល្អី ប្រពន្ធថាអ្វីក៏មិនឮផង ។
លុះប្តីបរិភោគរួច ប្រពន្ធកន្រ្តាក់យកល្អី ។
ប្តីសួរថា «ឯងមានការអ្វីឯផ្ទះ បានជាប្រញាប់ម្ល៉េះ?» ប្រពន្ធថា
«អញមុខជាប្រាប់ម៉ែឪអញមិនខាន» ។ ហើយកណ្តៀតល្អីត្រឡប់ទៅដល់ផ្ទះ
ជួបនឹងម្តាយ និយាយទាំងខឹងមុខក្រហមប្រាប់ម្តាយថា
«កូនប្រសាម៉ែឯងវាល្អហើយ! ខ្ញុំទូលបាយទៅឲ្យស៊ី
ដាក់ល្អីស្ទើរតែមិនទាន់ វាស្តីឲ្យខ្ញុំថាមានសហាយ» ។ ចំណែកម្តាយនោះ
ខឹងញ័រឡើងថា «ហងឯង ដូច្នេះទេតើ បានជាមុខក្រហម អញថាកូនថាចៅ
បានជាចាំផ្ទះឲ្យវា ឥឡូវវាថាឯងលួចថ្នាំវាយកទៅដូរដូង
មេអន្តរធានឯងក្រោយៗ កុំនិយាយដូច្នេះ មិនត្រូវទេ សូម្បីតែថ្នាំ១ឆ្នុក
ក៏អញមិនលួចយកផង បើទុកជាអញយកមែន
ម្តាយនឹងកូនមិនត្រូវហងឯងពោលឲ្យអញខ្មាសគេទេ ចាំឪហងឯងមក
អញប្រាប់ឲ្យជេរវាយប្រដៅហងឯងមិនខាន» ។
លុះយូរបន្តិច
ប្តីមកពីកាប់បង្គោលធ្វើរបងបង្ការមិនឲ្យគោក្របីចូលស៊ីសំណាបសន្ទូង
ប្រពន្ធនិយាយប្រាប់ប្តីថា «កូនស្រីយើងវាយកបាយទៅឲ្យប្តី
ខ្ញុំចាំផ្ទះឲ្យវា លុះមកវិញ វាថាខ្ញុំជាម្តាយលួចថ្នាំវាដូរដូង
ខ្ញុំខឹងណាស់» ។ ប្តីស្តាប់មិនឮ ខឹងនឹងប្រពន្ធក៏ជេរថា «មេចោរគ្រហរ!
ហងឯងប្រចណ្ឌអញអីម៉្លេះ! អញមានស្លៀកពាក់តែងតួដើរលេងចង់ស្រីឯណា
អញទៅកាប់ឈើធ្វើបង្គោលរបងទេតើ! អញអត់តែម្តងនេះ
ក្រោយៗបើហងឯងនៅតែស្តីប្រចណ្ឌអញទៀត
មុខជាអញធាក់ឲ្យដួលទាំងជំហរមិនខាន» ។ ហាមប្រពន្ធហើយ បរិភោគបាយ
រួចទៅចងសន្ទូច បានត្រីត្រឡប់មកផ្ទះវិញ ។
វេលាថ្ងៃល្ងាច ប្រពន្ធក៏ធ្វើត្រីស្លអាំងឲ្យប្តីបរិភោគខ្លះ
រំលែកទុកព្រឹកខ្លះ ដើម្បីនឹងធ្វើសម្រាប់យកទៅប្រគេនលោកកូនឯវត្ត
និងកូនប្រុសតូចម្នាក់ឲ្យនៅរៀនអក្សរជាមួយនឹងលោកបងនោះ ។
លុះព្រឹកឡើង ម្តាយនោះដាំបាយដួសដាក់ចាន មានម្ហូបពីល្ងាចស្រាប់
ទូលយកទៅដល់កុដិប្រគេនលោកកូន ហើយនិយាយថា «
ខ្ញុំព្រះករុណារលឹកលោកកូនណាស់!
មួយទៀតប្អូនតូចវារៀនអក្សរគ្រាន់បើទេ?» ។ លោកកូននោះប្រាប់ថា
«ចម្រើនពរញោម! អាត្មាសព្វថ្ងៃនេះ កំពុងស្រឡាញ់សីលផ្នួសណាស់,
អាត្មាមិនសឹកទេ» ។ ម្តាយក៏ហៅកូនតូចដែលនៅបម្រើបងនោះថា «អានាង!
លាលោកបងទៅផ្ទះនឹងម្តាយបានមួយថ្ងៃសិន ត្បិតឪពុកឯងរឭកណាស់» ។
កូនតូចឆ្លើយប្រាប់ម្តាយថា «ត្រីងៀតលោកបង នៅពីរកន្ទុយទុកក្នុងកុដិ,
ពេលល្ងាច ខ្ញុំយកពីរចម្រៀក ដុតស៊ីបាយ ដែលសល់ពីលោកឆាន់ពេលព្រឹកនោះ»
។ ឯលោកសង្ឃ ដែលគង់នៅជិតកុដិទាំងប៉ុន្មាន
បានឮម្តាយនឹងកូននិយាយតែដោយខ្លួន មិនទទួលសម្រុងគ្នាដូច្នេះ
លោកទាំងអស់ទប់ពុំបាន ក៏សើចទ្រហឹងអឺងអាប់ ។ ឧបាសិកានោះ
ក៏សំពះលាលោកកូនត្រឡប់មកដល់ផ្ទះវិញ ហើយលុតជង្គង់ជូនបុណ្យប្តីថា
«ខ្ញុំជូនបុណ្យអ្នកផង» ។
ប្តីឆ្លើយថា «អើ! អញឃើញបាយសម្លខអាំង ព្យួរទុកនៅសង្រែក
អញស៊ីអស់ទៅហើយ» ។ ប្រពន្ធក៏មើលមុខប្តីៗ មើលមុខប្រពន្ធ
ប៉ប្រិចភ្នែកម៉ក់ៗ ធ្វើវាហឺតែដោយខ្លួន ។ លុះយូរបន្តិច
ស្រាប់តែប្អូនស្រីបង្កើតខាងប្តី នៅភូមិដទៃឆ្ងាយមកដល់
បានផ្លែពង្រមួយផ្តិលនិងស្លឹកប្រស់ស្វាមួយសំណុំមកផ្ញើបង
និយាយសួរបងថា «បងបានភ្ជួររាស់ដកស្ទូងបានស្រែប៉ុន្មានហើយ?» ។
បងទាំងប្តីប្រពន្ធឆ្លើយប្រាប់ទៅប្អូនស្រីវិញថា «អើហង!
ល្មមទុកដាក់ឲ្យវាមានប្តីទៅចុះ
តែហងមើលកុំឲ្យតែចេះលេងបៀផឹកស្រាជក់អាភៀន» ។
ប្អូនស្រីស្ដាប់មិនឮទៀត ក៏ប្រាប់ទៅបងទាំងពីរនាក់ថា
«ខ្ញុំស្តាយត្រឡាចខ្ញុំមួយទ្រើងណាស់ កំពុងតែផ្កាក្តិបតូចៗ
ស្រាប់តែមេជ្រូកវាទៅឈ្មុសគល់ដាច់ងាប់អស់» ។ បងទាំងពីរនាក់ថា
«អើហង! ល្មមទៅផ្ទះក៏ទៅចុះ ល្ងាចណាស់ហើយ ក្រែងកូនវាយំរក» ។
ប្អូនស្រីនោះ ក៏ត្រឡប់ទៅផ្ទះវិញ ។
ព្រោះអ្នកទាំង ៧ នាក់ គឺបុរស-ស្រី្ត ប្តីប្រពន្ធ, ម្តាយឪពុក,
លោកភិក្ខុ-កុមារជាកូននិងប្អូនស្រី
សុទ្ធតែថ្លង់និយាយមិនចុះសម្រុងគ្នា បានជារឿងនេះគេហៅថា
រឿងតម្លង់៧សន្តាន ។
ស្តាប់មិនជាក់ កុំអាលញាក់ចិញ្ចើម